Home / កីឡា / ព័ត៌មានដោះដូរកីឡាករ / ក្លិប Botafogo របស់ប្រេស៊ីលរងការហាមឃាត់មិនឱ្យផ្ទេរកីឡាករពី FIFA ! មិនអាចចុះឈ្មោះកីឡាករថ្មីរយៈពេលបីឆ្នាំ

ក្លិប Botafogo របស់ប្រេស៊ីលរងការហាមឃាត់មិនឱ្យផ្ទេរកីឡាករពី FIFA ! មិនអាចចុះឈ្មោះកីឡាករថ្មីរយៈពេលបីឆ្នាំ

ក្លិប Botafogo ត្រូវបាន FIFA ហាមឃាត់មិនឱ្យផ្ទេរកីឡាករចូល ហើយនឹងមិនអាចចុះឈ្មោះកីឡាករថ្មីសម្រាប់ទីផ្សារដោះដូរកីឡាករបីលើកបន្ទាប់បានទេ។

FIFA បានបញ្ជាក់នៅយប់ថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មនេះចូលជាធរមានចាប់ពីថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ការហាមឃាត់នេះកើតចេញពីការខកខានរបស់ Botafogo ក្នុងការបញ្ចប់ការទូទាត់ប្រាក់ដែលជំពាក់ Atlanta United សម្រាប់ការចុះហត្ថលេខាលើ Thiago Almada ក្នុងឆ្នាំ២០២៤។

ក្លិបមានមូលដ្ឋាននៅទីក្រុង Rio de Janeiro ត្រូវបានតុលាការអាជ្ញាកណ្តាលកីឡាបញ្ជាឱ្យបង់ប្រាក់ចំនួន ២១លានដុល្លារទៅឱ្យ Atlanta ប៉ុន្តែមានតែពីរដំណាក់កាលប៉ុណ្ណោះដែលត្រូវបានធ្វើឡើង។

Almada បានចូលរួមជាមួយ Botafogo ក្នុងខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ២១លានដុល្លារ ដោយសមតុល្យដែលនៅសល់នៅតែមិនទាន់បានបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Botafogo បានទទូចថាបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស និងបានសង្កត់ធ្ងន់លើចេតនារបស់ពួកគេក្នុងការរក្សាភាពសកម្មនៅក្នុងទីផ្សារ។

សេចក្តីថ្លែងការណ៍របស់ពួកគេបាននិយាយថា៖ “ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់ FIFA ថ្មីៗនេះលើការផ្ទេរកីឡាករ  Botafogo សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខ្លួនបានធ្វើកិច្ចពិភាក្សាប្រកបដោយស្ថាបនាជាមួយតំណាងរបស់ Atlanta United នៃលីគកំពូលអាមេរិក MLS ដោយស្វែងរកកិច្ចព្រមព្រៀងទាក់ទងនឹងករណី Thiago Almada”។

«ការចរចាត្រូវបានផ្អាកដោយសារតែការសម្រាកចុងឆ្នាំ ហើយនឹងបន្តឡើងវិញក្នុងពេលឆាប់ៗនេះ។ Botafogo សង្ឃឹមថាបញ្ហានេះនឹងដោះស្រាយមុន ឬនៅដើមដំបូងនៃទីផ្សារដោះដូរកីឡាករ។ ក្លឹបនឹងសកម្មខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករនៅក្នុងខែមករា ឆ្នាំ២០២៦»។

Botafogo ធ្លាប់ជាក្លិបដែលអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា Keisuke Honda ធ្លាប់​លេង​កាលពីឆ្នាំ ២០២០ ដោយបង្ហាញខ្លួនបាន២៧ប្រកួតនិងរក​បាន​៣គ្រាប់៕

Tagged: