ឥណ្ឌូណេស៊ីប្រកាសផ្តល់រង្វាន់ 60,000 ដុល្លារសម្រាប់អត្តពលិកដែលឈ្នះមេដាយមាស SEA Games នៅសៀម

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានអំពាវនាវឱ្យបង្កើនប្រាក់រង្វាន់សម្រាប់អត្តពលិកដែលឈ្នះមេដាយមាសនៅក្នុងការប្រកួត SEA Games លើកទី 33 ដល់ 1 ពាន់លានរូពី (60,000 ដុល្លារអាមេរិក)។

ADVERTISEMENT

សំណើនេះ ដែលស្ទើរតែទ្វេដងនៃចំនួនទឹកប្រាក់ដែលបានប្រកាសពីមុន ត្រូវបានធ្វើឡើងទៅកាន់រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Erick Thohir ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក Prabowo ជាមួយគណៈប្រតិភូកីឡាឥណ្ឌូនេស៊ីនៅទីក្រុងហ្សាកាតានៅថ្ងៃទី 5 ខែធ្នូ។

លោក Prabowo អាយុ 74 ឆ្នាំ បាននិយាយថា ការបន្ថែមប្រាក់រង្វាន់ឱ្យខ្ពស់នេះ  មានគោលបំណងជំរុញអត្តពលិកឱ្យខិតខំដើម្បីឧត្តមភាព ហើយអាចទ្រទ្រង់ និងគាំទ្រអាជីពរយៈពេលវែងរបស់ពួកគេផងដែរ។

លោកបានកត់សម្គាល់ថា៖ “អត្តពលិកមិនប្រកួតប្រជែងដើម្បីប្រាក់ទេ ប៉ុន្តែប្រាក់រង្វាន់ដូចនេះអាចជួយពួកគេបានយ៉ាងច្រើន។ ការបន្ថែមប្រាក់រង្វាន់ឱ្យបានខ្ពស់នេះ ឆ្លុះបញ្ចាំងពីការគោរពចំពោះការរួមចំណែករបស់ពួកគេ និងបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍។

ឥណ្ឌូនេស៊ីនឹងបញ្ជូនអត្តពលិកចំនួន 1,021 នាក់ទៅចូលរួមការប្រកួត SEA Games លើកទី 33 នៅប្រទេសថៃ ដែលភាគច្រើនប្រកួតប្រជែងក្នុងវិញ្ញាសាអត្តពលកម្ម ជិះកង់ និងគុនដាវ។ ប្រទេសនេះកំពុងកំណត់គោលដៅយ៉ាងហោចណាស់មេដាយមាសចំនួន 80 គ្រឿង។

ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀតមិនទាន់បានប្រកាសពីប្រាក់រង្វាន់របស់ពួកគេនៅឡើយទេ។ ប្រទេសហ្វីលីពីនបានបញ្ជាក់ពីការគាំទ្រចំនួន ២៤,០០០ ប៉េសូ (៤០៧ ដុល្លារ) សម្រាប់គ្រូបង្វឹក និងអត្តពលិកម្នាក់ៗ។

នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ប្រទេសហ្វីលីពីនបានផ្តល់ប្រាក់រង្វាន់ចំនួន ៣០០,០០០ ប៉េសូសម្រាប់មេដាយមាសនីមួយៗ កម្ពុជា ១០,០០០ ដុល្លារ សិង្ហបុរី ១០,០០០ ដុល្លារសិង្ហបុរី (៧,៧០០ ដុល្លារ) និងម៉ាឡេស៊ី ២០,០០០ រីងហ្គីត (៤៨៦០ ដុល្លារ)។

ជាធម្មតា ប្រទេសថៃប្រកាសតែការទូទាត់សរុបសម្រាប់គណៈប្រតិភូទាំងមូលរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍លើកមុន រដ្ឋាភិបាលបានបង់ប្រាក់ចំនួន ២០៧,០៣ លានបាត (៦,៥ លានដុល្លារ) សម្រាប់មេដាយមាសចំនួន ១០៨ មេដាយប្រាក់ចំនួន ៩៦ និងមេដាយសំរិទ្ធចំនួន ១០៨។