អស់រឿងមួយ ចូលរឿងមួយ Lamine Yamal ត្រូវគេចោទប្រកាន់ពីបទបំផ្លាញសាមគ្គីភាពក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ

យោងតាមវិទ្យុ Marca កីឡាករវ័យក្មេង Lamine Yamal របស់ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបានចោទប្រកាន់ពីបទបំផ្លាញភាពសុខដុមរមនា និងស្មារតីក្រុមដែលមានស្រាប់នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។

ស្ថានភាពនេះកើតចេញ ពីការកត់សម្គាល់មុនការប្រកួត Clasico របស់ Yamal ដែលនិយាយឥតអៀនខ្មាស់ថា Real Madrid “ជាក្រុមពូកែលួច” ដែលធ្វើឱ្យកីឡាករ Madrid មួយចំនួនខឹងសម្បារ។ បន្ទាប់ពីជ័យជម្នះ 2-1 របស់ Real Madrid ខ្សែការពាវ័យចាស់ Carvajal បានចំអកឱ្យខ្សែបម្រើស្លាបរបស់ Barcelona ដោយត្រង់ថា “និយាយច្រើនពេក”។

បន្ថែមទៅលើភាពតានតឹងទាំងប៉ុន្មាន Lamine បានចុច Unfollow គណនីសង្គម Instagram របស់ Carvajal ។ នេះជាសញ្ញាមួយដែលបង្ហាញថាការបែកបាក់គ្នាក្នុងក្រុមជម្រើសជាតិអាចនៅតែបន្ត។

ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ សហព័ន្ធបាល់ទាត់អេស្ប៉ាញជឿជាក់ថាកីឡាករទាំងពីរនៅតែរក្សាភាពជាកីឡាករអាជីពពេញលេញ ស្របពេលអ្នកទាំងពីរនៅតែមានឱកាសបំពេញកាតព្វកិច្ចក្នុងជម្រើសជាតិ។

ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងអាចនឹងកើនឡើងនៅពេលដែល Lamine Yamal និង Carvajal ជួបគ្នាក្នុងក្រុមជម្រើសជាតិនៅខែក្រោយ។