លោក Masatada Ishii ចោទសមាគមកីឡាបាល់ទាត់ថៃ ថា​មិនស្មោះត្រង់ ក្រោយដកតំណែងលោកពីកៅអីអ្នកចាត់ការក្រុម

លោក Masatada Ishii ត្រូវបានបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃ នេះបើយោងតាមការចុះផ្សាយរបស់សមាគមកីឡាបាល់ទាត់ថៃកាលពីថ្ងៃអង្គារ ហើយការ​ដកតំណែងនេះ ដោយសារទម្រង់លេងរបស់ក្រុមក្នុងការប្រកួតជម្រុះ AFC Asian Cup របស់ពួកគេជាមួយក្រុម ឆាយនីសតៃប៉ិ អំឡុងពេល FIFA Day។

បុរសវ័យ 58 ឆ្នាំដែលបានធ្លាប់បានដឹកនាំក្លិប Kashima Antlers ឱ្យឈ្នះពានរង្វាន់ J1 League ក្នុងឆ្នាំ 2016 និងឈ្នះពានរង្វាន់ Thai League 1 ជាមួយ Buriram United FC ក្នុងឆ្នាំ 2022 និង 2023 ត្រូវបានដកចេញពីតួនាទី ក្រោយ​ធ្វើ​ការ​បាន​ជិតពីរឆ្នាំ។

សមាគមកីឡាបាល់ទាត់ថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សមាគមបាល់ទាត់នៃប្រទេសថៃ បានប្រកាសពីការបែកគ្នាជាមួយលោក Masatada Ishii ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃ ហើយការដកតំណែងនេះដោយសារលទ្ធផលការងាររបស់គាត់ និងការបង្កើតក្រុម មិនសមស្របនឹងគម្រោងរបស់សមាគម”។

អញ្ចឹងក៏ដោយ! លោក Masatada Ishii ខ្លួនឯងមិនពេញចិត្តទេ​ហើយលោកអះអាងថា សមាគមកីឡាបាល់ទាត់ថៃគ្មានភាពស្មោះត្រង់។

គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបង្ហោះសារបន្ទាន់មួយកាលពីម្សិលមិញ បន្ទាប់ពីត្រូវបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិថៃថា៖«”មនុស្សទាំងនេះមិនស្មោះត្រង់»។

«ថ្ងៃនេះខ្ញុំត្រូវបាន សមាគមបាល់ទាត់ថៃកោះហៅនៅម៉ោង 10:00 ព្រឹក ដើម្បីពិនិត្យមើលការប្រកួតទាំងពីរទល់នឹងតៃវ៉ាន់។ បន្ទាប់ពីពិនិត្យរួច ខ្ញុំត្រូវបានគេជូនដំណឹងភ្លាមថា ‘កិច្ចសន្យារបស់ខ្ញុំនឹងត្រូវបានលុបចោលនៅថ្ងៃនេះ»។

«មូលហេតុ ដោយសារតែពួកគេចង់ផ្លាស់ប្តូរអ្នកដឹកនាំក្រុមជម្រើសជាតិគ្រប់កម្រិតអាយុនីមួយៗ»។

«ខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបានទេ ដូច្នេះខ្ញុំមិនព្រមចុះហត្ថលេខាលើកិច្ចសន្យានោះទេ ហើយនិយាយថា ‘តោះចាំនិយាយគ្នាម្ដងទៀតពេលក្រោយ»។

«ប៉ុន្តែនៅពេលរសៀលនេះ ពួកគេបានប្រកាសបណ្តេញខ្ញុំចេញពីតំណែង។ មនុស្សទាំងនេះពិតជាមិនស្មោះត្រង់។ ជូនចំពោះអ្នកគាំទ្រទាំងអស់ដែលបានលើកទឹកចិត្តក្រុមជម្រើសជាតិថៃរហូតដល់ថ្ងៃនេះ ខ្ញុំសូមអរគុណយ៉ាងខ្លាំង»។

ក្រោមការដឹកនាំរបស់ Ishii ថៃបានកត់ត្រាជ័យជម្នះលើក្រុមឆាយតៃប៉ិកាលពីដើមខែនេះ ដោយបានឈ្នះ 2-1 ក្នុងទីក្រុងបាងកក មុនពេលទទួលបានជ័យជម្នះ 6-1 ជើងទី២។

ការប្រកួតបន្ទាប់របស់ថៃនឹងត្រូវប៉ះជាមួយស្រីលង្កានៅទីក្រុងកូឡុំបូនៅថ្ងៃទី 18 ខែវិច្ឆិកា ហើយការ​ប្រកួតចុងក្រោយនឹងត្រូវប៉ះតួកម៉េនីសស្ថាន ក្នុងទីក្រុងបាងកក នៅថ្ងៃទី 31 ខែមីនា ២០២៦។