Atletico Madrid ដាក់ពាក្យបណ្តឹងទៅ UEFA បន្ទាប់ពីហ្វឹកហាត់ដោយគ្មានទឹកក្តៅនៅកីឡដ្ឋាន Emirates

ក្លិប Atletico Madrid បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ UEFA បន្ទាប់ពីកីឡាកររបស់ពួកគេហ្វឹកហាត់ចប់ ហើយមិនបានងូតទឹកក្តៅនៅឯកីឡដ្ឋាន Emirates ។ រឿងក្ដីក្ដាំនេះ កើតឡើងមុនការ​ប្រកួត Champions League នៅយប់ថ្ងៃអង្គារ។

ADVERTISEMENT

ក្រុម​របស់ Diego Simeone បាន​ហ្វឹកហាត់​នៅ​ទីក្រុង​ឡុងដ៍​ក្រោមតំណក់ទឹក​ភ្លៀង ប៉ុន្តែពេលហាត់ចប់ ពួកគេទទួលបានការ​ខក​ចិត្ត ខណៈ​ដែល​កីឡាករ​មិន​អាច​ងូត​ទឹក​បាន ​ដោយ​សារ​ខ្វះ​ទឹក​ក្តៅ​ ។ មន្រ្តីក្លិបអេស្ប៉ាញក៏បានរាយការណ៍ទៅបុគ្គលិករបស់ Arsenal ភ្លាមៗផងដែរ ប៉ុន្តែមិនត្រូវបានដោះស្រាយមុនការហ្វឹកហាត់ចប់នោះទេ។

ភាគីអេស្ប៉ាញមានការភ្ញាក់ផ្អើលដែលកីឡដ្ឋានទំនើបដូចជា Emirates អាចជួបប្រទះបញ្ហាបរិក្ខារមូលដ្ឋានបែបនេះ ជាពិសេសក្នុងអំឡុងពេលការប្រកួតកម្រិត UEFA ដ៏ធំបែបនេះ។ កីឡាករ និងបុគ្គលិកត្រូវត្រឡប់ទៅសណ្ឋាគាររបស់ពួកគេវិញ ដើម្បីងូតទឹក និងរៀបចំសម្រាប់ការប្រកួត។ ក្រោយមក Atletico បានដាក់ពាក្សបណ្ដឹងជាផ្លូវការទៅកាន់ UEFA ដោយបានចោទថា Arsenal មានកីឡដ្ឋានធំតែមាឌ តែអន់ការរៀបចំ។

Arsenal នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Atletico Madrid នៅកីឡដ្ឋាន Emirates នៅថ្ងៃអង្គារ ទី 21 ខែតុលានេះ ខណៈដែលការ​ប្រកួតចាប់ផ្ដើមម៉ោង​២រំលងអាធ្រាត្រ។