ដោយសារតែមូលហេតុនេះទើប Manchester United មិនទាន់ហ៊ានដកតំណែងលោក Amorim

ក្លិបបិសាចក្រហម Manchester United កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទម្រង់ដឹកនាំរបស់ Ruben Amorim ហើយបានបញ្ជាឱ្យបុរសរូបនេះ កែលម្អជាបន្ទាន់ បើ​មិនអញ្ចឹងទេ ក្លិប​នឹង​ពិចារណាដកតំណែងហើយ។

កៅអីអ្នកចាត់ការរបស់បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះមិនមានសុវត្ថិភាពទាំងស្រុងនោះទេ ដោយសារតែថ្នាក់ដឹកនាំក្លិបរំពឹងថា គាត់​អាច​កែប្រែលទ្ធផលនៅលើទីលានឱ្យ​បាន​ល្អ ដើម្បីជាអំណះអំណាង សម្រាប់​គាត់​អាច​ដឹកនាំបន្តទៀត។

ខណៈពេលដែល បិសាចក្រហម កំពុងបង្ហាញការអត់ធ្មត់ និងការគោរព លោក Amorim នឹងនៅសល់៣ប្រកួតទៀតក្នុងការកំណត់អនាគតរបស់គាត់នៅ Old Trafford ។

អញ្ចឹងក៏ដោយ Manchester United នឹងត្រូវបង់ប្រាក់ចំនួន ១៣លានដុល្លារឱ្យលោក Ruben Amorim ប្រសិនបើពួកគេបណ្តេញគាត់ក្នុងឆ្នាំដំបូងដែលគាត់ដឹកនាំ។ ការបង់ប្រាក់នេះមានក្នុងកិច្ចសន្យារបស់គាត់ជាមួយក្លិប។

គាត់ត្រូវបានតែងតាំងជាអ្នកចាត់ការនៅថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2024 ហើយគិតចាប់ពីថ្ងៃនេះតទៅគាត់នៅសល់៣១ថ្ងៃទៀត ទើបគ្រប់មួយឆ្នាំ។