ប្រេស៊ីលពិចារណា បញ្ជូនគ្រូបង្វឹកផ្នែកបាល់ទះ និង​បាល់ទាត់មកពង្រឹងវិស័យកីឡា២នេះនៅកម្ពុជា

សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍លើកឡើងទាក់ទងទៅនឹងការពង្រីក នៅក្នុងវិស័យកីឡារវាង​កម្ពុជា និង​ប្រេស៊ីល ក្នុងការអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ប្រេស៊ីលពិចារណា បញ្ជូនគ្រូបង្វឹកផ្នែកបាល់ទះ និង​បាល់ទាត់មកពង្រឹងវិស័យកីឡា២នេះនៅកម្ពុជា ។ សម្ដេចតេជោបានលើកឡើងថា ប្រេស៊ីលមានសក្កានុពលណាស់ផ្នែកកីឡាបាល់ទះ និង​បាល់ទាត់ ជាពិសេសធនធានកីឡាល្អៗ។

 នៅពេលដែលគេនិយាយពីប្រេស៊ីលគេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម ។

ដូច្នេះភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា គឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីល មកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីចំណងមិត្តភាពរវាងប្រទេសទាំងពីរផង ហើយដើម្បីជំរុញនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានចម្រើនទៅជាមួយនឹងគ្នា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវ Vivian Loss Sanmartin ក៏បានរំលេចដោយបញ្ជាក់ថា ប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឱ្យមានគ្រូបង្វឹកមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបានលើកឡើងថានេះជារឿងមួយដែលភាគីទាំងពីរអាចធ្វើបានទៅជាមួយគ្នា ហើយធ្វើបានក្នុងពេលឆាប់ៗ។