ថៃ​ប្រឈម​នឹង​ការ​ខ្វះខាត​ថវិកា​១៤​លាន​ដុល្លារ​សម្រាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ SEA Games 33

ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ថវិកា​ចំនួន ៤៥៩ លាន​បាត ឬ ជាង១៤លាន​ដុល្លារ​អាមេរិក រៀបចំ​ការប្រកួត​កីឡា​ SEA Games 33 នៅ​ចុងឆ្នាំ ២០២៥។

កាលពីខែមិថុនា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន 64 លានដុល្លារសម្រាប់ធ្វើជាម្ចាស់ផ្ទះទាំង SEA Games 33 និង ASEAN Para Games លើកទី 13។ លើសពីនេះ អង្គភាពរដ្ឋបាលមូលដ្ឋានត្រូវបានអនុញ្ញាតឱ្យចូលរួមចំណែកផ្តល់ថវិកា ឬគាំទ្រសកម្មភាពផ្សេងទៀតតាមការស្នើសុំរបស់គណៈកម្មាធិការរៀបចំ។

ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី 9 ខែកញ្ញានេះ ខណៈការប្រកួតកីឡាស៊ីហ្គេម នៅសល់តែ 90 ថ្ងៃទៀតប៉ុណ្ណោះ នាយកអាជ្ញាធរកីឡាថៃ លោក Kongsak Yodmanee បានបញ្ជាក់ថា ថវិកាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

លោក Kongsak បានប្រាប់សារព័ត៌មានថៃថា៖ «ថវិកា SEA Games នៅតែខ្វះខាតចំនួន ១៤លាន​ដុល្លារ​អាមេរិកទៀត។ យើង​បាន​ស្នើ​សុំ​ចំនួន​បន្ថែម​នេះ ដើម្បី​រ៉ាប់រង​ចំនួន​កីឡា អត្តពលិក និង​តម្លៃ​ប្រតិបត្តិការ​ខ្ពស់​ជាង​នេះ»។

ការពន្យារពេលនេះ អាចជាប់ទាក់ទងនឹងអស្ថិរភាពនយោបាយរបស់ថៃនាពេលថ្មីៗនេះ រួមទាំងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ Sorawong Thienthong កាលពីថ្ងៃទី 8 ខែកញ្ញា។

ស៊ីហ្គេមលើកទី៣៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅទូទាំងទីក្រុងចំនួន៣ គឺទីក្រុងបាងកក សុងក្លា និងឈុនបុរី។ អត្តពលិកប្រមាណ 12,500 នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន 11 ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងនៅក្នុង 574 វិញ្ញាសាដែលគ្របដណ្តប់លើ 50 ប្រភេទកីឡា។