អ្នកគាំទ្រក្រុមហង្សក្រហមម្នាក់ឈ្មោះ Florian Thürler ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានជាប់កំណត់ត្រាពិភពលោក Guinness ជាផ្លូវការ ក្នុងនាមជាអ្នកគាំទ្រដែលសន្សំបានអាវរបស់ Liverpool ច្រើនជាងគេបំផុត។

នៅថ្ងៃទី 31 ខែសីហា ឆ្នាំ 2025 ស្របពេលជាមួយនឹងថ្ងៃខួបកំណើតគម្រប់ 60 ឆ្នាំរបស់គាត់ លោក Thürler បានបង្ហាញអាវ Liverpool ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន មួយពាន់សែសិនប្រាំពីរអាវ ( 1,047 ) ដាក់លាតសន្ធឹង នៅលើទីលានបាល់ទាត់នៅក្នុងភូមិ Magglingen របស់ប្រទេសស្វីស ដោយបង្ហាញពីពីការគាំទ្រក្លិបសឹងមួយជីវិត ទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ។
លោក Thürler បានប្រមូលអាវក្រុមហង្សក្រហមមួយនេះយ៉ាងល្អិតល្អន់ ជាង៥០ឆ្នាំ មិនឱ្យខ្វះរដូវកាលណាមួយឡើយដោយបង្ហាញរចនាបទដ៏សម្បូរបែបនៃប្រវត្តិសាស្រ្តរបស់ Liverpool ដែលមានអាវចាប់ពីទសវត្សរ៍ឆ្នាំ 1950 ដល់បច្ចុប្បន្ន។

យោងតាមសារព័ត៌មាន Swiss 20 Minuten អតីតខ្សែប្រយុទ្ធ Young Boys រូបនេះ បានបង្ហាញឈុតតំណាងគ្រប់រដូវកាល រួមទាំងឈុតរបស់ Liverpool ដែលបានលើកពាន European Cup លើកដំបូងក្នុងទសវត្សរ៍ឆ្នាំ 1970 យុគសម័យឆ្នាំ 1980 ដ៏លេចធ្លោ និងឈុតដែលបានរចនាបែបទំនើប ពាក់ដោយតារាកំពូលៗដូចជា Mohamed Salah អំឡុងការប្រកួត Champions League ឆ្នាំ 2019 និង Premier League របស់ក្លិបឆ្នាំ 2020។
ការសន្សំអាវកីឡានេះមានច្រើនប្រភេទណាស់ មានអាវហ្វឹកហាត់សម័យមុនៗដ៏កម្រ អាវរំលឹកអនុស្សាវរីយ៍ និងអាវសម្រាប់ការប្រកួត ដែលអាវនីមួយៗជាសក្ខីភាពនៃការលះបង់របស់លោក Thürler ចំពោះក្រុមហង្សក្រហម។

ការដាក់បង្ហាញអាវទាំងអស់ពេញទីលានបាល់ទាត់ក្នុងទីក្រុង Magglingen បានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកចូលចិត្តកីឡាបាល់ទាត់ និងអ្នកមើលព័ត៌មានកីឡា ឱ្យចង់ដឹងចង់ឃើញ ជាមួយនឹងរូបភាពដ៏រស់រវើកនៃឈុតក្រហមដែលកំពុងចរាចរយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពី Liverpool បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal មួយទល់សូន្យ ដោយការស៊ុតបាល់ ហ្វ្រីឃីគចម្ងាយ សាមសិបពីរ ម៉ែត្រ របស់ Dominik Szoboszlai ។