វត្ដមានតារាល្បីៗរបស់ខ្មែរ និងថៃ ក្នុងថ្ងៃសម្ពោធបើកហាង Lancôme អ្នកគាំទ្រស្រែកផ្អើលផ្សារ!

ក្រោយសម្ពោធបើកហាងបុទិកលើកដំបូងនៅកម្ពុជា នាផ្សារទំនើប Aeon Mall ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ Lancôme ដែលជាម៉ាកគ្រឿងសម្អាងប្រណីតល្បីឈ្មោះរបស់បារាំង បានបង្កើតព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយក្នុងថ្ងៃតែមួយ នៅពេលរាត្រី គឺជំនួបតារាខ្មែរ-ថៃ ជាមួយអ្នកគាំទ្រ។

ក្រោមក្រសែភ្នែក និងសំឡេងស្រែកគាំទ្រលាន់កងរំពងពេញផ្សារទំនើប នៅមុខហាង Lancôme ដោយអ្នកគាំទ្ររាប់ពាន់នាក់ តារាខ្មែរ-ថៃដែលមានដូចជា៖ លោក Gun Atthaphan កញ្ញា SK និងតារាសម្ដែងស្រី ស៊ីន យូប៊ីន ជាដើម បានដើរបង្អួតរាងយ៉ាងស្រស់ស្អាត ដោយលើកបង្ហាញស្ទើរគ្រប់ផលិតផល Lancôme ទៅកាន់អ្នកគាំទ្ររបស់ខ្លួន។

ការបង្ហាញវត្ដមានរបស់តារាខ្មែរ-ថៃទាំងអស់ គេសង្កេតឃើញ លោក Gun Atthaphan និងតារាសម្ដែង កញ្ញា ស៊ីន យូប៊ីន ប៉ុណ្ណោះដែលអ្នកគាំទ្រស្រែកស្ទើរបែកអាកាសា ដើម្បីបង្ហាញពីការគាំទ្រ ក្នុងពេលដែលIDOL របស់ខ្លួនក៏បង្ហាញពីភាពជឿជាក់លើគុណភាពផលិតផល Lancôme ដោយកាន់ផលិតទាំងនោះ ដើរបង្ហាញនៅចំពោះមុខពួកគេ។