ការកំណត់យកក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រាប់ឆ្នាំ២០២៦/២៧។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចក្នុងការកំណត់គោលការណ៍ចំពោះក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រាប់ឆ្នាំ២០២៦/២៧ ដោយផ្អែកសំខាន់លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបានបំពេញអជ្ញាបណ្ណក្លិបអន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយដូចខាងក្រោម៖

១/. ក្លិបបាល់ទាត់ដែលទទួលបានជើងឯកការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦
២/. ក្លិបបាល់ទាត់ដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦
៣/. ក្លិបបាល់ទាត់ដែលទទួលបានជើងឯកនៃការប្រកួតពាននរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦
៤/. ក្លិបដែលទទួលបានចំណាត់លេខ៣ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦
ព្រមជាមួយគ្នានេះ ប្រសិនបើក្លិបបាល់ទាត់ចូលរួមប្រកួតតំណាងជាតិទទួលបានជើងឯក AFC Challenge League នោះក្លិបបាល់ទាត់កម្ពុជា នឹងទទួល កូតាក្លិបបន្ថែមចំនួនមួយ (១)ក្លិបទៀត ដូច្នេះ គោលការណ៍កំណត់ក្លិបបាល់ទាត់ដែលត្រូវចូលរួមប្រកួត នឹងអនុវត្តទៅតាមចំណាត់ថ្នាក់ដូចខាងលើ និងស្របទៅតាមបទបញ្ជាចូលរួមប្រកួត AFC Club Competition Entry Regulations។
បញ្ជាក់: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើបច្ចុប្បន្នភាពប្រសិនបើទទួលព័ត៌មានបន្ថែមពី សហព័ន្ធកីឡាបាល់ទាត់ទ្ធីបអាសុី (AFC)។