ក្រោយដកតំណែងលោក Ruben Amorim ក្រុមបិសាចក្រហម Manchester United បានបង្ហាញសញ្ញាវិជ្ជមានយ៉ាងច្បាស់ ក្រោមការដឹកនាំបណ្ដោះអាសន្នរបស់លោក Michael Carrick ដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ចាប់អារម្មណ៍ជាខ្លាំង។

វាហាក់ដូចជាឆាប់រហ័សពេកហើយ ក្នុងការសរសើរស្នាដៃអ្នកចាត់ការណាម្នាក់ដែលជួយឱ្យក្លិបឈ្នះ៣ប្រកួតជាប់គ្នា តែតួរលេខក្នុងគណិតវិទ្យាមិនដែលកុហកនោះទេ។
ក្នុងរយៈពេលខ្លី Carrick បានជួយស្ដារឡើងវិញនូវស្មារតីក្រុម និងវិន័យលេង ខណៈដែលរឿងទាំងនេះ ត្រូវគេចាត់ទុកថាខ្សោយខ្លាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកមុនៗ។
ក្នុងពេលនេះ ក្រុមលេងដោយមានរបៀបរៀបចំច្បាស់លាស់ មានការសហការជាក្រុមល្អ និងបង្ហាញការតស៊ូខ្លាំងជាងមុន នៅក្នុងការប្រកួតធំៗក្នុង Premier League។ មូលហេតុសំខាន់មួយក្នុងចំណោមជាច្រើនគឺថា គឺការកែសម្រួលយុទ្ធសាស្ត្រឲ្យមានភាពសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាព។ Carrick ផ្តោតលើការរក្សាទម្រង់ការពារឲ្យរឹងមាំ កាត់បន្ថយកំហុសផ្ទាល់ខ្លួនរបស់កីឡាករ និងប្រើការបញ្ជូនបាល់ខ្លីៗ ដើម្បីគ្រប់គ្រងចង្វាក់ការប្រកួត។

វិធីសាស្ត្រនេះបានជួយឲ្យ Manchester United អាចទប់ទល់បានល្អជាមួយគូប្រកួតខ្លាំង និងបង្កើតឱកាសវាយបកយ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោក Carrick ក៏ទទួលបានការសរសើរចំពោះការគ្រប់គ្រងបន្ទប់ផ្លាស់សម្លៀកបំពាក់។ ក្នុងនាមជាអតីតកីឡាករដ៏ជោគជ័យរបស់ក្លិប លោកមានភាពជិតស្និទ្ធជាមួយកីឡាករ និងយល់ច្បាស់ពីវប្បធម៌របស់ Manchester United។ ទំនាក់ទំនងល្អ និងការផ្តល់ទំនុកចិត្តដល់កីឡាករ បានធ្វើឲ្យពួកគេលេងដោយមានសេរីភាព និងកម្លាំងចិត្តកាន់តែខ្ពស់។
អ្នកវិភាគជាច្រើនយល់ស្របថា ទោះបីជា Carrick មិនមែនជាជម្រើសរយៈពេលវែងក៏ដោយ ប៉ុន្តែការដឹកនាំរបស់លោកបានជួយស្ដារស្ថេរភាព និងបង្ហាញថា ក្រុមនៅតែមានសក្ដានុពលដ៏ធំ ប្រសិនបើបានគ្រប់គ្រងដោយយុទ្ធសាស្ត្រត្រឹមត្រូវ និងបរិយាកាសវិជ្ជមាន។
សរុបមក ក្រោមការដឹកនាំបណ្ដោះអាសន្នរបស់ Michael Carrick, Manchester United បានបង្ហាញថា ការផ្លាស់ប្តូរតូចៗលើផ្នែកយុទ្ធសាស្ត្រ ស្មារតី និងការគ្រប់គ្រងមនុស្ស អាចនាំមកនូវលទ្ធផលវិជ្ជមានយ៉ាងឆាប់រហ័ស ហើយនេះ ជាសារៈសំខាន់មួយសម្រាប់អនាគតរបស់ក្លិប។