វិភាគ៖ មរតករបស់ Glazer ភាពជាម្ចាស់កម្មសិទ្ធិរយៈពេល 20 ឆ្នាំ កែប្រែ Manchester United ឱ្យមានបញ្ហាកាន់តែខ្លាំងឡើងៗ

Manchester United មិនមែនជាក្លិបធម្មតាទេ។ វាជានិមិត្តរូបនៃបាល់ទាត់អង់គ្លេស ជាក្លិបដែលមានប្រវត្តិសាស្ត្រ ឈ្នះពានធំៗជាច្រើន និងមានអ្នកគាំទ្ររាប់សិបលាននាក់ទូទាំងពិភពលោក។ ប៉ុន្តែក្នុងរយៈពេលជាង 20 ឆ្នាំចុងក្រោយ ក្លិបដ៏ធំនេះត្រូវបានគេពិភាក្សាវែកញែកជាញឹកញាប់ ខណៈដែលការពិភាក្សានេះមិនមែនពីជោគជ័យលើទីលានទេ ប៉ុន្តែពី បញ្ហាការគ្រប់គ្រង និងភាពជាម្ចាស់កម្មសិទ្ធិរបស់គ្រួសារ Glazer


ADVERTISEMENT


ការមកដល់របស់
Glazer៖ ចំណុចចាប់ផ្តើមនៃការប្រែប្រួល

ឆ្នាំ 2005 គ្រួសារ Glazer មកពីសហរដ្ឋអាមេរិក បានទិញយក Manchester United តាមរយៈវិធីសាស្ត្រដែលគេហៅថា “leveraged buyout”។ ន័យសាមញ្ញ គឺពួកគេប្រើប្រាស់ប្រាក់កម្ចីជាច្រើន ដើម្បីទិញក្លិប ហើយបន្ទុកបំណុលនោះ ត្រូវដាក់លើក្លិបផ្ទាល់។

មុនពេល Glazer មកដល់ Manchester United ជាក្លិបដែលស្ទើរតែមិនមានបំណុល។ ប៉ុន្តែបន្ទាប់ពីការទិញយក ក្លិបត្រូវបង់ការប្រាក់រាប់សិបលានផោនក្នុងមួយឆ្នាំៗ។ នេះជាចំណុចដែលអ្នកគាំទ្រជាច្រើនមើលឃើញថា ជា “ស្រមោលអន្ទោលតាមប្រាណ” ដែលបង្កបញ្ហារយៈពេលវែង។

ជោគជ័យពីដំបូង ប៉ុន្តែកំពុងសន្សំបញ្ហាកាន់តែធំទៅៗ

ត្រូវទទួលស្គាល់ថា នៅដំណាក់កាលដើម ក្រោមការគ្រប់គ្រង Glazer ក្លិបបិសាចក្រហមManchester United នៅតែទទួលបានជោគជ័យ។ ក្រោមការដឹកនាំរបស់​លោក Sir Alex Ferguson ក្លិបបានឈ្នះ Premier League ជាច្រើនដង និង Champions League ឆ្នាំ 2008។ ប៉ុន្តែជោគជ័យទាំងនេះ ភាគច្រើនគេយល់ថា ជាលទ្ធផលពីមូលដ្ឋានរឹងមាំដែលបានស្ថាបនាមកពីមុន មិនមែនពីយុទ្ធសាស្ត្រថ្មីរបស់ម្ចាស់ក្លិបទេ។

បញ្ហាពិតប្រាកដ ចាប់ផ្តើមបង្ហាញច្បាស់ក្រោយការចូលនិវត្តន៍របស់ Sir Alex ឆ្នាំ 2013។ ចាប់តាំងពីពេលនោះ Manchester United មិនអាចរកឃើញទិសដៅច្បាស់លាស់ទៀតឡើយ។

ការគ្រប់គ្រងគ្មានទិសដៅ និងការសម្រេចចិត្តខុសជាច្រើនលើកច្រើនសារ

ក្រោមការកាន់កាប់របស់ក្រុមត្រកូល Glazer ក្លិបបានផ្លាស់ប្តូរគ្រូបង្វឹកជាច្រើន៖ David Moyes, Louis van Gaal, Jose Mourinho, Ole Gunnar Solskjaer និង Erik ten Hag។ គ្រូម្នាក់ៗមានទស្សនវិស័យខុសគ្នា ប៉ុន្តែគ្មានគម្រោងវែងឆ្ងាយជាក់លាក់ពីថ្នាក់ដឹកនាំនោះទេ។

ការទិញកីឡាករជាច្រើនលានផោន មិនត្រូវនឹងយុទ្ធសាស្ត្រក្រុម គឺជាបញ្ហាធំមួយ។ ក្លិបចំណាយប្រាក់ច្រើន ប៉ុន្តែលទ្ធផលលើទីលានមិនសមនឹងការវិនិយោគ។ អ្នកគាំទ្រមើលឃើញថា Manchester United ក្លាយជាក្លិបដែល “ចំណាយដោយគ្មានផែនការ”។

ការចោទប្រកាន់ថា Glazer គិតតែប្រាក់ចំណេញ

ចំណុចដែលបង្កការខឹងសម្បារបំផុត គឺការចោទប្រកាន់ថា Glazer ប្រើ Manchester United ជា “ម៉ាស៊ីនបោះពុម្ពប្រាក់”។ ប្រាក់ចំណេញជាច្រើន ត្រូវបានយកទៅបែងចែកជាភាគលាភ ដោយមិនត្រូវវិនិយោគត្រឡប់មកក្លិបគ្រប់គ្រាន់។

កីឡដ្ឋាន Old Trafford ដែលធ្លាប់ត្រូវគេហៅថា “The Theatre of Dreams” ក៏ចាស់ជរាបន្តិចម្ដងៗ ហើយខ្វះការអភិវឌ្ឍ។ មូលដ្ឋានហ្វឹកហាត់ និងរចនាសម្ព័ន្ធជាច្រើន ត្រូវបានគេនិយាយថា រត់តាមក្រោយទាំងត្រដល់ខ្យល់ ពីក្រោយក្លិបកំពូលផ្សេងៗនៅអឺរ៉ុប។

អ្នកគាំទ្រ និងការតវ៉ា

ក្នុងរយៈពេលជាច្រើនឆ្នាំ អ្នកគាំទ្រ Manchester United បានតវ៉ាជាបន្តបន្ទាប់ ជាមួយពាក្យស្លោក “Glazers Out”។ សម្រាប់អ្នកគាំទ្រ ពួកគេមើលឃើញថា ក្លិបមិនមែនជាសហគ្រាសធម្មតាទេ ប៉ុន្តែជាប្រពៃណី និងអត្តសញ្ញាណ។ ការគ្រប់គ្រងដែលផ្តោតលើប្រាក់ចំណេញ ប៉ុន្តែមិនគិតពីជោគជ័យកីឡា គឺជារឿងមិនអាចទទួលយកបាន។

មរតកដែល Glazer បន្សល់ទុក

ក្រោយជាង 20 ឆ្នាំ មរតករបស់ Glazer ចំពោះ Manchester United គឺពិបាកវាយតម្លៃជាផ្លូវវិជ្ជមាន។ ក្លិបនៅតែមានឈ្មោះល្បី ធំធេង និងប្រាក់ចំណូលខ្ពស់ ប៉ុន្តែបាត់បង់អត្តសញ្ញាណកីឡា និងការភ័យខ្លាចលើទីលាន។

Manchester United មិនមែនជាក្រុមដែលគេភ័យខ្លាចដូចមុនទៀតឡើយ។ សម្រាប់អ្នកគាំទ្រ ជំនាន់ថ្មីកំពុងធំឡើងជាមួយការចងចាំអំពីការតស៊ូយ៉ាងលំបាក ហើយមិនមែនអំពីភាពជោគជ័យនោះទេ។

មរតករបស់ Glazer បង្ហាញឱ្យឃើញថា ការគ្រប់គ្រងក្លិបបាល់ទាត់ធំមួយ មិនអាចវាស់វែងតម្លៃតាមប្រាក់ចំណូលតែប៉ុណ្ណោះទេ។ បាល់ទាត់ គឺជាការរួមបញ្ចូលរវាងអាជីវកម្ម អារម្មណ៍ និងប្រពៃណី។ នៅពេលដែលផ្នែកមួយត្រូវបានមើលរំលង ក្លិបដ៏ធំក៏អាចបែកបាក់ពីខាងក្នុងបានដូចគ្នា។

សម្រាប់ Manchester United អនាគតនៅតែអាស្រ័យលើថា តើក្លិបអាចរួចផុតពីស្រមោលនៃមរតក Glazer បានឬអត់។