ភ្លើងឆេះក្លឹបរាត្រីនៅស្វីស កីឡាករកូនកាត់ខ្មែរបារាំង Tahirys Dos Santos រលាក ៣០% នៃរាងកាយ

កីឡាករ Tahirys Dos Santos ដែលកំពុង​លេងនៅក្លិបយុវជនរបស់ Metz បានរលាករាងកាយ 30% បន្ទាប់ពីអគ្គីភ័យលេបត្របាក់នៅបាររាត្រីមួយកន្លែងនៅប្រទេសស្វីស។


ADVERTISEMENT

កីឡាករវ័យ 19 ឆ្នាំមកពី Metz រូបនេះបានរងរបួសរលាកធ្ងន់ធ្ងរ ប៉ុន្តែភ្នាក់ងាររបស់គាត់បានផ្តល់ដំណឹងដ៏គួរឱ្យសង្ឃឹមមួយចំនួន។

អគ្គីភ័យដ៏សាហាវនៅប្រទេសស្វីសនៅបារជិះស្គីក្នុងតំបន់ Crans-Montana នៅថ្ងៃចូលឆ្នាំថ្មី ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ 47 នាក់ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ជាពិសេសនៅក្លិបបាល់ទាត់បារាំង FC Mentz ព្រោះអ្នករងរបួសម្នាក់គឺជាកីឡាករម្នាក់ដែលហ្វឹកហាត់ក្នុងក្រុមគឺ Tahirys Dos Santos អាយុ 19 ឆ្នាំ។

ក្លិបបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា កីឡាកររូបនេះស្ថិតក្នុងចំណោមអ្នករងរបួស (មនុស្សជាង 100 នាក់ត្រូវបានរលាកធ្ងន់ធ្ងរ) ហើយត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលរលាកឯកទេសមួយក្នុងទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។

ភ្នាក់ងាររបស់គាត់ឈ្មោះ Christophe Hutteau បាននិយាយជាមួយ RMC Sport អំពីស្ថានភាពបច្ចុប្បន្នរបស់គាត់។ ក្លិបបាននិយាយថា គាត់ត្រូវបាន “រលាកធ្ងន់ធ្ងរ” ហើយភ្នាក់ងាររបស់គាត់បានពន្យល់ថា គាត់មានការរលាកគ្របដណ្តប់ 30% នៃរាងកាយរបស់គាត់ ហើយកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង។

«ព័ត៌មានចុងក្រោយបំផុតដែលខ្ញុំបានទទួលគឺនៅព្រឹកនេះ (ថ្ងៃសុក្រ) ពីឪពុកម្តាយរបស់ Tahirys ដែលបានបើកបរពេញមួយយប់ដើម្បីនៅក្បែរកូនប្រុសរបស់ពួកគេ។ ខ្ញុំមិនអាចប្រាប់អ្នកបានទេថា គាត់សុខសប្បាយឬក៏អត់ ព្រោះគាត់មានការឈឺចាប់យ៉ាងខ្លាំង។ គាត់រងការរលាកសឹង 30% នៃរាងកាយរបស់គាត់។ ចំណុចវិជ្ជមានគឺថាសួតរបស់គាត់ ដែលរងផលប៉ះពាល់ផងដែរ បានប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីព្រឹកម្សិលមិញ»។

Dos Santos ដែលលេងក្នុងតំណែងជាខ្សែការពារ បានបង្ហាញខ្លួនជាលើកដំបូងនៅក្លិបនៅថ្ងៃទី 20 ខែធ្នូ ក្នុងការប្រកួតមួយនៅ French Cup។ ភ្នាក់ងាររបស់គាត់ពិពណ៌នាគាត់ថាជា «យុវជនម្នាក់ដែលមានមហិច្ឆតាខ្លាំងជាមួយនឹងផ្នត់គំនិតពិសេស» ដែលចង់វិលត្រឡប់ទៅហ្វឹកហាត់វិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានបន្ទាប់ពីពិធីជប់លៀង ជាកន្លែងដែលគាត់នៅជាមួយមិត្តស្រី និងមិត្តភក្តិរបស់គាត់។ យោងតាមគាត់ គាត់មិននៅក្នុងបន្ទប់ក្រោមដី ជាកន្លែងដែលអគ្គីភ័យបានចាប់ផ្តើមនោះទេ ប៉ុន្តែនៅជាន់ទីមួយនៃក្លឹបរាត្រី។