កីឡាករបាល់ទាត់ប្រេស៊ីលម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាលើម្ចាស់បារលក់ស្រា។ បុរសប្រេស៊ីលម្នាក់នេះបានចូលទៅផឹកស្រានៅបារលក់ស្រានិងគ្រឿងក្លែមមួយ ហើយពេលផឹកចប់ក៏មិនឱ្យលុយគេ ពេលម្ចាស់ហាងមកទាលុយ ក៏ប្រកែកគ្នា ហើយប្រវាយប្រតប់គ្នារួច ហើយបានបើកឡានចេញពីកន្លែងកើតហេតុនៅ Udon Thani នៅព្រឹកព្រលឹមថ្ងៃទី 15 ខែធ្នូ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល 10:40 ព្រឹកនៅ សៃសំផានមិទ្ធ ក្នុងទីរួមខេត្ត Udon Thani ។ ប៉ូលីសបានមកដល់កន្លែងកើតហេតុ ហើយបានរកឃើញបុរសស្បែកខ្មៅម្នាក់ ស្លៀកតែខោខ្លីពណ៌បៃតង និងស្បែកជើងប៉ាតា ឈរគ្មានអាវនៅមុខតូប។ គាត់កំពុងឈ្លោះប្រកែកជាមួយម្ចាស់បារអាយុ 29 ឆ្នាំឈ្មោះ Kanyanee Kaewnok និងបុគ្គលិករបស់គាត់ ដែលបានអះអាងថាគាត់បានបដិសេធមិនបង់លុយថ្លៃស្រា។
ក្រោយមកបុរសម្នាក់នោះត្រូវបានគេស្គាល់ថាជា Osvaldo Dos Santos Neto អាយុ 42 ឆ្នាំជាកីឡាករបាល់ទាត់ ត្រូវបានគេរាយការណ៍ថាបានទិញស្រាបៀរ និងភេសជ្ជៈសម្រាប់ខ្លួនគាត់ និងនារីបម្រើអង្គុយក្នុងបារម្នាក់ សរុបប្រហែល 5,100 បាត ប៉ុន្តែបន្ទាប់មកបានព្យាយាមចាកចេញដោយមិនបង់ប្រាក់។

យោងតាម Kanyanee កីឡាករ Neto បានមកដល់តែម្នាក់ឯងនៅម៉ោងប្រហែល 3 ព្រឹកទៀបភ្លឺ ហើយបានបញ្ជាទិញស្រាបៀរជាច្រើន ក៏ដូចជាភេសជ្ជៈសម្រាប់បុគ្គលិក រួមទាំងខ្លួនគាត់ផ្ទាល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពេលដល់ពេលបង់ប្រាក់ គាត់បានអះអាងថា គាត់មិនអាចចូលប្រើកម្មវិធីធនាគាររបស់គាត់បានទេ (App បាញ់លុយអត់ចេញ) ហើយបានស្នាក់នៅកន្លែងនោះរហូតដល់ម៉ោងជិត ៩ ព្រឹក ដែលនៅពេលនោះបុគ្គលិកបានណែនាំឱ្យគាត់ដកប្រាក់ពីម៉ាស៊ីន ATM ដែលនៅក្បែរនោះ តែគាត់អត់ទៅ។

ដោយសង្ស័យថាគាត់កំពុងព្យាយាមរត់គេចខ្លួន បុគ្គលិកបានដើរតាមគាត់នៅខាងក្រៅ ជាកន្លែងដែលការឈ្លោះប្រកែកគ្នាកាន់តែធ្ងន់ធ្ងរឡើង។
អ្នកទេសចរជនជាតិអាមេរិកម្នាក់ឈ្មោះ Douglas Robin Barker អាយុ ៧៤ ឆ្នាំ បានព្យាយាមទៅធ្វើអន្តរាគមន៍ ប៉ុន្តែបុរសជនជាតិប្រេស៊ីលរូបនេះត្រូវបានគេចោទប្រកាន់ថាបានទះកំផ្លៀងគាត់យ៉ាងខ្លាំង ធ្វើឱ្យគាត់ដួលទៅលើដី។

ក្រោយមកប៉ូលីសបានបញ្ជាក់ថា Neto មិនមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណនៅលើខ្លួនក្នុងអំឡុងពេលកើតហេតុនោះទេ ប៉ុន្តែក្រោយមកត្រូវបានគេស្គាល់ថាជា Osvaldo Dos Santos Neto ដែលជាកីឡាករបាល់ទាត់អាជីព និងជាជនជាតិប្រេស៊ីល។ បុគ្គលិកប្រុសពីរនាក់ត្រូវបានគេរាយការណ៍ថាបានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នា ដោយរងរបួសដាច់ស្បែក និងស្នាមជាំនៅលើមុខ ដៃ និងកំភួនដៃ។
កាសែត Dailynews បានរាយការណ៍ថា Osvaldo Dos Santos Neto គឺជាខ្សែប្រយុទ្ធអាជីពដែលធ្លាប់លេងឱ្យក្លិបក្នុងលីគថៃជាច្រើន។ គាត់ទើបតែចុះហត្ថលេខាជាមួយក្លិប Udon United ដែលជាក្រុមមួយដែលប្រកួតប្រជែងក្នុងលីគថៃ ៣ ហើយបានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិបកាលពីបីថ្ងៃមុន។