ប្រទេសកាប់វែរ ដែលជាប្រជុំកោះតូចៗនៅទ្វីបអាហ្វ្រិក ទទួលបានសំបុត្រជិះយន្តហោះឡើងទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ការឡើងទៅលេងនៅអាមេរិកលើកនេះ ក៏ដោយសារតែពួកគេ បានទទួលលទ្ធផលឈ្នះជាបន្តបន្ទាប់ ក្នុងការប្រកួតជម្រុះក្នុងពូល ហើយចុងក្រោយបានប្រកួតឈ្នះក្រុម អេសវ៉ាទីនី ឡើងឈរកំពូលតារាង និងកក់កៅអីសម្រាប់ឆ្នាំ២០២៦តែម្ដង។
កាប់វែរ ត្រូវបានកំណត់ថាជាប្រទេសតូចជាងគេទី 2 ដែលចូលរួមក្នុងការប្រកួត World Cup បើគិតពីចំនួនប្រជាជនបច្ចុប្បន្ន។ ប្រទេសស្ថិតលើកោះនៅអាហ្វ្រិកខាងលិចមួយនេះ មានប្រជាជនត្រឹមតែជាង ៥០ម៉ឺននាក់ប៉ុណ្ណោះ។

មានតែប្រទេសអ៊ីស្លង់ទេ ដែលបានចូលរួមក្នុងការប្រកួត FIFA World Cup 2018 គឺជាប្រទេសតូចជាងគេបំផុត (ដែលមានប្រជាជនចំនួន៣៨ម៉ឺនាក់) ដែលបានចូលរួមការប្រកួតដ៏ធំនេះ។

ប្រទេស ទ្រីនីដាដនិង តូបាហ្គោ ដណ្តើមបានចំណាត់ថ្នាក់លេខ 3 បើគិតពីប្រទេសតូចបំផុតដែលត្រូវលេងក្នុង World Cup ។ ពួកគេមានប្រជាជនចំនួន 1.32 លាននាក់ និងបានលេងក្នុងការប្រកួត FIFA World Cup ឆ្នាំ 2006 ។

តាមពីក្រោយពួកគេគឺ អៀរឡង់ខាងជើង ដែលមានប្រជាជនប្រហែល 1.9 លាននាក់។ ពួកគេបានលេងដល់ទៅបីលើកក្នុង FIFA World Cup គឺនៅឆ្នាំ 1958, 1982 និង 1986។

ស្លូវេនីបានបញ្ចប់ចំណាត់ថ្នាក់ជាប្រទេសតូចបំផុតទាំង 5 លេងនៅ World Cup ខណៈដែលពួកគេមានប្រជាជនចំនួន 2.1 លាននាក់ និងបានលេងក្នុងការប្រកួត World Cup ឆ្នាំ 2002 និង 2010។

ប្រទេសហ្សាម៉ាអ៊ីកដែលមានប្រជាជនចំនួន 2.73 លាននាក់ ក៏មានលក្ខណៈពិសេសក្នុងចំណោមប្រទេសតូចបំផុតដែលត្រូវលេងក្នុងការប្រកួតបាល់ទាត់ពិភពលោកផងដែរ – ដូចដែលពួកគេបានលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 1998 ។

ប្រទេសកាតា ដែលជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ 2022 ក៏ស្ថិតក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនតិចបំផុតក្នុងការធ្វើដូច្នេះផងដែរ ខណៈដែលពួកគេមានប្រជាជនប្រហែល 2.84 លាននាក់ប៉ុណ្ណោះ។