ChatGPT ជួយឱ្យអតីតកីឡាករ Manchester United ម្នាក់​ចចារកុងត្រាជាមួយ​ក្លិបលីគទីបីអង់គ្លេសជោគជ័យ

អតីតខ្សែបម្រើប្រយុទ្ធស្លាបក្លិបបិសាចក្រហម Manchester United កីឡាករ Demetri Mitchell ពន្យល់ថា គាត់បានប្រើ ChatGPT ចរចាកុងត្រាជាមួយក្លិបលីគទី៣អង់គ្លេស Leyton Orient នៅរដូវក្តៅនេះ ។

ថ្លែងក្នុងកម្មវិធី From My Left Podcast កីឡាករវ័យ២៨ឆ្នាំរូបនេះថា៖ «ChatGPT គឺជាភ្នាក់ងារដ៏ល្អបំផុត ដែលខ្ញុំធ្លាប់មាននៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ ក្លិប Leyton Orient បានផ្ញើសំណើមកខ្ញុំ ហើយខ្ញុំបានប្រើ ChatGPT ដើម្បីសួរពីរបៀបចរចា និងអ្វីដែលត្រូវនិយាយ»។

ChatGPT បានជួយគាត់ក្នុងការគណនាតម្លៃនៃការផ្ទេរទៅកាន់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ដូច្នេះហើយចំនួនប្រាក់ខែដែលគាត់ចង់បាន ក៏សួរយោបល់ ChatGPT រួចហើយដែរ។

Demetri Mitchell បានចុះកុងត្រាលេងឱ្យក្លិបនៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2025 ដោយ​គាត់​បាន​បង្ហាញខ្លួន ៨ ប្រកួត​រក​បាន​មួយគ្រាប់។ កីឡាកររូបនេះជាអតីតយុវជនថ្នាលរបស់ក្លិបបិសាចក្រហម Manchester United និង​ត្រូវបាន​តំឡើងមក​លេង​ក្នុង​ក្រុមធំ ប៉ុន្តែបង្ហាញខ្លួនផ្លូវការ​បាន​តែមួយ​ប្រកួតប៉ុណ្ណោះ​ហើយ​ក៏​ដាក់ឱ្យ​លេង​ខ្ចីជើង​នៅ​ក្លិប​ផ្សេងៗទៀត​ជាហូរហែ៕