គណៈកម្មាធិការវិន័យរបស់សមាគមកីឡាបាល់ទាត់ពិភពលោក FIFA បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើសមាគមបាល់ទាត់ម៉ាឡេស៊ី និងកីឡាករចំនួន 7 នាក់ ពីបទបំពានមាត្រា 22 នៃក្រមវិន័យរបស់ FIFA ទាក់ទងនឹងការក្លែងបន្លំលិខិតឆ្លងដែន និងឯកសារចូលសញ្ជាតិក្លែងក្លាយ។

នេះមានន័យថា សមាគមបាល់ទាត់ម៉ាឡេស៊ី ត្រូវបានពិន័យជាប្រាក់ 350,000 ស្វីសហ្រ្វង់ ឬប្រហាក់ប្រហែល៤៣ម៉ឺនដុល្លារ។
ចំណែកកីឡាករដែលជាប់ពិន័យនោះមានដូចជា Gabriel Felipe Arrocha, Facundo Tomás Garcés, Rodrigo Julián Holgado, Imanol Javier Machuca, João Vitor Brandão Figueiredo, Jon Irazábal Iraurgui, និង Hector Alejandro Hevel Serrano ហើយម្នាក់ៗពិន័យ 2,000 ស្វីសហ្វ្រង់ឬ ២៥០០ដុល្លារ។
បន្ថែមពីនេះទៀតនោះ! កីឡាករទាំង 7 នាក់ត្រូវបានព្យួរពីសកម្មភាពទាក់ទងនឹងបាល់ទាត់ទាំងអស់រយៈពេល 12 ខែ។

សំណុំរឿងទាក់ទងនឹងសិទ្ធិរបស់កីឡាករ ដើម្បីតំណាងប្រទេសម៉ាឡេស៊ីក៏ត្រូវបានបញ្ជូនទៅតុលាការបាល់ទាត់របស់ FIFA ផងដែរ។ សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី និងកីឡាករទាំងអស់ មានពេល 10 ថ្ងៃដើម្បីប្តឹងតវ៉ាចំពោះការសម្រេចចិត្តនេះ។