ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតថវិកាចំនួន ៤៥៩ លានបាត ឬ ជាង១៤លានដុល្លារអាមេរិក រៀបចំការប្រកួតកីឡា SEA Games 33 នៅចុងឆ្នាំ ២០២៥។

កាលពីខែមិថុនា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន 64 លានដុល្លារសម្រាប់ធ្វើជាម្ចាស់ផ្ទះទាំង SEA Games 33 និង ASEAN Para Games លើកទី 13។ លើសពីនេះ អង្គភាពរដ្ឋបាលមូលដ្ឋានត្រូវបានអនុញ្ញាតឱ្យចូលរួមចំណែកផ្តល់ថវិកា ឬគាំទ្រសកម្មភាពផ្សេងទៀតតាមការស្នើសុំរបស់គណៈកម្មាធិការរៀបចំ។
ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី 9 ខែកញ្ញានេះ ខណៈការប្រកួតកីឡាស៊ីហ្គេម នៅសល់តែ 90 ថ្ងៃទៀតប៉ុណ្ណោះ នាយកអាជ្ញាធរកីឡាថៃ លោក Kongsak Yodmanee បានបញ្ជាក់ថា ថវិកាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
លោក Kongsak បានប្រាប់សារព័ត៌មានថៃថា៖ «ថវិកា SEA Games នៅតែខ្វះខាតចំនួន ១៤លានដុល្លារអាមេរិកទៀត។ យើងបានស្នើសុំចំនួនបន្ថែមនេះ ដើម្បីរ៉ាប់រងចំនួនកីឡា អត្តពលិក និងតម្លៃប្រតិបត្តិការខ្ពស់ជាងនេះ»។

ការពន្យារពេលនេះ អាចជាប់ទាក់ទងនឹងអស្ថិរភាពនយោបាយរបស់ថៃនាពេលថ្មីៗនេះ រួមទាំងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ Sorawong Thienthong កាលពីថ្ងៃទី 8 ខែកញ្ញា។
ស៊ីហ្គេមលើកទី៣៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅទូទាំងទីក្រុងចំនួន៣ គឺទីក្រុងបាងកក សុងក្លា និងឈុនបុរី។ អត្តពលិកប្រមាណ 12,500 នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន 11 ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងនៅក្នុង 574 វិញ្ញាសាដែលគ្របដណ្តប់លើ 50 ប្រភេទកីឡា។