Lionel Messi ផ្ញើ​អំណោយ​ពិសេសមួយ​ទៅ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ហើយនេះជាមូលហេតុ

ប្រភពជាច្រើនបានបញ្ជាក់ថា Lionel Messi នឹងទៅប្រទេសឥណ្ឌានៅចុងឆ្នាំនេះ។ ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 15 ខែធ្នូ តារាបាល់ទាត់អាហ្សង់ទីននឹងធ្វើដំណើរទៅកាន់ទីក្រុង Kolkata, Mumbai និង New Delhi ដើម្បីជួបអ្នកគាំទ្រ និងចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ជាច្រើននៅទីនោះ។

នៅ​មុន​ការ​ធ្វើ​ដំណើរនេះ Messi បាន​បញ្ចេញ​កាយវិការ​ពិសេស​មួយ​ដោយ​អបអរសាទរ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់ ៧៥ ឆ្នាំ។

ខ្សែប្រយុទ្ធរូបនេះ បានផ្ញើឱ្យគាត់នូវអាវជម្រើសជាតិអាហ្សង់ទីនឆ្នាំ២០២២ ដែលមានហត្ថលេខាស្រាប់ ហើយវាជាអាវដែលអាហ្សង់ទីនឈ្នះជើងឯកពិភពលោក។ បន្ថែមពីនេះទៀត​នោះ គេរំពឹងថា គាត់នឹងអាចជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីផងដែរ។

យោងតាមសមាគមកីឡាករបាល់ទាត់អាហ្សង់ទីន ក្រុមជម្រើសជាតិរបស់ Messi អាចប្រកួតមិត្តភាពនៅប្រទេសឥណ្ឌាក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។

ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក Messi នឹងដឹកនាំក្រុមហើយ​បង្ហាញសកម្មភាពបាល់ទាត់ជាច្រើនក្នុង​ប្រទេសឥណ្ឌា៕