កាសែតបារាំង L’Équipe បានរាយការណ៍ថា Real Madrid នឹងធ្វើពហិការមិនចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d’Or ជាលើកទី២ ខណៈដែលពួកគេបានធ្វើបែបនេះម្ដងរួចមកហើយកាលពីឆ្នាំមុន។ រឿងនេះកើតឡើងដោយសារភាពតានតឹងរវាងក្លិបម្ចាស់ជើងឯក UCL ១៦សម័យកាលមួយនេះ និងអ្នករៀបចំពានរង្វាន់។

រំឮកកាលពីឆ្នាំមុន បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញការជជែកដេញដោល Vinícius Júnior ធៀបនឹង Rodri បានបង្កឱ្យថ្នាក់ដឹកនាំក្លិប Real Madrid អន់ចិត្ត។
សម្រាប់ឆ្នាំនេះវិញ គេរំពឹងថានឹងឃើញ Lamine Yamal របស់ Barcelona និង Ousmane Dembélé របស់ PSG ក្លាយជាគូប្រជែងដ៏សំខាន់ដែលឈ្នះពាន រង្វាន់ដ៏មានកិត្យានុភាពមួយនេះ។ អ្នកទាំងពីរសុទ្ធតែបានបង្ហាញគុណផលលេងយ៉ាងល្អក្នុងឆ្នាំ២០២៥នេះ។

ការសម្រេចចិត្តរបស់ Real Madrid គូសបញ្ជាក់ពីការមិនពេញចិត្ត ចំពោះរបៀបដែលកីឡាកររបស់ពួកគេត្រូវបានគេរំលង និងមិនផ្ដល់តម្លៃក្នុងការឈ្នះពានអន្តរជាតិ។
ការធ្វើពហិការជាថ្មីម្តងទៀតនេះ បានបង្ហាញពីការផ្តាច់ទំនាក់ទំនងកាន់តែស៊ីជម្រៅរវាង Real Madrid និង Ballon d’Or ខណៈដែលក្លិបជឿថាកីឡាករដូចជា Kylian Mbappe ដែលបានឈ្នះស្បែកជើងមាសអឺរ៉ុបសម្រាប់ឆ្នាំ 2025 គួរតែមានឈ្មោះក្នុងការឡើងដណ្ដើមពាន៕