Home / កីឡា / រលឹកឡើងវិញ! ចាន់ វឌ្ឍនាការ (Chan Vathanaka) ជាកីឡាករខ្មែរទៅលេងនៅជប៉ុនមុនគេបំផុត

រលឹកឡើងវិញ! ចាន់ វឌ្ឍនាការ (Chan Vathanaka) ជាកីឡាករខ្មែរទៅលេងនៅជប៉ុនមុនគេបំផុត

មែនទែនទៅ! មានកីឡាករខ្មែរជាច្រើនធ្លាប់បានចាកចេញ ទៅលេងនៅលីគក្រៅប្រទេស ពិសេសថៃនិងម៉ាឡេស៊ី តែយ៉ាងណាក្ដី! នៅប្រទេសជប៉ុន មានតែកីឡាករបាល់ទាត់ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្លិបបឹងកេតអេហ្វស៊ី ចាន់ វឌ្ឍនាកា (Chan Vathanaka) ជាកីឡាករដំបូងគេបំផុតបាន លេងឲ្យក្លិប ហ្វូជីអ៊ីដា នៅលីគទី៣ក្នុងប្រទេសជប៉ុន។

កាលពីឆ្នាំ២០១៧ ក្លិបបឹងកេតអេហ្វស៊ីរបស់កម្ពុជា និងក្លិប ហ្វូជីអ៊ីដា របស់ជប៉ុនបានចុះហត្ថលេខាជាផ្លូវការហើយក្នុងការផ្ទេរកីឡាករឆ្នើមវ័យក្មេងរូបនេះទៅលេងក្នុងប្រទេសជប៉ុន។ យ៉ាងណាក៏ដោយ តម្លៃខ្លួនរបស់ (Chan Vathanaka) កាលនោះក៏មិនត្រូវបានក្លិបទាំងពីរ និងសាម៉ីខ្លួនប្រាប់ឲ្យដឹងនោះទេ។

បន្ទាប់ពីការចុះហត្ថលេខាផ្ទេរជាផ្លូវការនេះ កីឡាករចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករបាល់ទាត់កម្ពុជាទី១ហើយដែលមានសមត្ថភាពអាចទៅលេងឲ្យក្លិបនៅក្នុងប្រទេសជប៉ុនបាន បើទោះបីជាក្លិបនោះលេងក្នុងលីគទី៣យ៉ាងណាក៏ដោយ។

ការផ្ទេរកីឡាករចាន់ វឌ្ឍនាកានេះ គឺធ្វើឡើងក្នុងក្របខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំប៉ុណ្ណោះរវាងក្លិបបាល់ទាត់បឹងកេតអង្គរ និងក្លិប ហ្វូជីអ៊ីដា ហើយវាក៏ជាលទ្ធផលនៃការទៅសមជើងនៅក្លិបជប៉ុនមួយនេះពេញមួយសប្តាហ៍របស់កីឡាករចាន់ វឌ្ឍនាកាកាលពីអំឡុងដើមខែវិច្ឆិកាឆ្នាំ២០១៦កន្លងទៅផងដែរ។

ប្រធានក្លិប ហ្វូជីអ៊ីដា ដែលបានជិះយន្តហោះមកចុះហត្ថលេខានាំយកកីឡាករចាន់ វឌ្ឍនាកាដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ហើយបានគូសបញ្ជាក់ថា ការសម្រេចនេះ គឺដោយសារតែលោក និងក្លិបពេញចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់គេ ជាពិសេសគឺល្បឿន និងបច្ចេកទេសបំប៉ោងសំណាញ់ទីដ៏ល្អ។

កាលនោះ (Chan Vathanaka) មានវ័យ២២ឆ្នាំ កម្ពស់១ម៉ែត្រ៧៣ ចាន់ វឌ្ឍនាកា គឺខ្សែប្រយុទ្ធដ៏មុតស្រួចទាំងសម្រាប់ក្រុមជម្រើសជាតិកម្ពុជា និងទាំងក្លិបបឹងកេតអង្គរ។ កីឡាករដែលជាកូនប្រុសលោកអតីអភិបាលខេត្តកំពតរូបនេះ បានជួយក្លិបបឹងកេតអង្គរឲ្យលើកពានលីគកំពូលកម្ពុជាក្នុងឆ្នាំ២០១៦ និងបានក្លាយជាម្ចាស់ស្បែកជើងមាស២រដូវកាលជាប់គ្នាក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ថែមទៀត។

មិនតែប៉ុណ្ណោះ គេក៏ធ្លាប់ជាម្ចាស់ស្បែកជើងមាសក្នុងពានរង្វាន់ Hun Sen-Cup ឆ្នាំ២០១៣ផងដែរ។  ចាន់ វឌ្ឍនាកា ចេញមកពីថ្នាលយុវជនរបស់ក្លិបព្រះខ័នរាជស្វាយរៀង និង ផ្ទេរទៅបឹងកេតអង្គរក្នុងឆ្នាំ២០១២។ កីឡាករឆ្នើមជំនាញជើងឆ្វេងរូបនេះ ត្រូវបានកោះហៅឲ្យចូលលេងក្នុងក្រុមជម្រើសជាតិកម្ពុជាឈុតធំនៅក្នុងឆ្នាំ២០១៣ ហើយបានស៊ុតបញ្ចូលទីបាន១០គ្រាប់ក្នុងចំណោម២៨ប្រកួត។

កីឡាករចាន់ វឌ្ឍនាកាមិនត្រឹមតែមានឈ្មោះបោះសំឡេងក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏ត្រូវបានក្លិបនៃប្រទេសជិតខាងមួយចំនួនចាប់អារម្មណ៍ផងដែរ បន្ទាប់ពីឃើញសមត្ថភាពរបស់គេក្នុងពេលប្រកួតដណ្តើមពានរង្វាន់ថ្នាក់តំបន់នានាកន្លងមក។

បច្ចុប្បន្ននេះ បន្ទាប់ពីចំណាយពេលមួយរយៈលេងក្លិប២ក្នុងប្រទេសម៉ាឡេស៊ី វឌ្ឍនាកានៅតែជាកីឡាកររបស់ក្លិបបឹងកេត ហើយមួយរយៈកាលចុងក្រោយនេះ រូបគេប្រឈមមុខជាមួយបញ្ហារបួសជាញឹកញាប់៕

Tagged: