លោក Carlo Ancelotti បង្ហាញឈ្មោះក្រុមជម្រើសជាតិប្រេស៊ីលត្រៀម FIFA Day តែកីឡាករល្បីៗមួយចំនួនគ្មានឈ្មោះ

លោក Carlo Ancelotti ទើបតែបានប្រកាសពីក្រុមកីឡាករជម្រើសប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup ហើយបញ្ជីនេះបានបន្សល់ទុកនូវការភ្ញាក់ផ្អើលជាច្រើន។ ក្នុង​ចំណោម​កីឡាករដែលមិនមានឈ្មោះ មានកីឡាករ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​គឺ Neymar Jr. និង​តារារបស់​ក្លិប Real Madrid កីឡាករ Vinicius Jr., Rodrygo, Eder Militao និង Endrick សុទ្ធតែគ្មានឈ្មោះ។

គ្រូបង្វឹក Carlo Ancelotti បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Rio de Janeiro បានពន្យល់ថា Neymar មិនត្រូវបានរាប់បញ្ចូលដោយសារតែ “កាយសម្បទាមិនរឹងមាំ” ខណៈពេលដែល Vinicius Jr. ក៏នឹងមិនមានផងដែរដោយសារតែការព្យួរមួយប្រកួត។

លោក Carlo Ancelotti គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានថា គោលបំណងសំខាន់របស់គាត់សម្រាប់ការប្រកួតជម្រុះ World Cup នាពេលខាងមុខគឺដើម្បីស្គាល់កីឡាករកាន់តែច្រើនក្នុងលទ្ធភាពរបស់គាត់។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា៖ “គំនិតរបស់ខ្ញុំគឺចង់ស្គាល់កីឡាករថ្មីដែលខ្ញុំមិនស្គាល់ដោយផ្ទាល់” ដោយលើកឡើងពីការផ្លាស់ប្តូរសំខាន់ៗនៅក្នុងក្រុមរបស់គាត់ ដែលឃើញមានកីឡាករចំនួន 9 ដែលមិនធ្លាប់មានពីមុន។“​

ដោយសារប្រេស៊ីលបានជាប់វគ្គជម្រុះសម្រាប់ World Cup ឆ្នាំក្រោយបាត់​ទៅ​ហើយ​នោះ លោក Ancelotti បានជ្រើសរើសហៅកីឡាករដែលមិនធ្លាប់ត្រូវបានជ្រើសរើសពីមុន ឬអ្នកដែលមានឱកាសមានកំណត់។ ការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យគាត់សង្កេត និងសាកល្បងកីឡាករដែលមានទេពកោសល្យថ្មី ។

នៅក្នុងការប្រកួតជម្រុះពីរចុងក្រោយរបស់ពួកគេ ប្រេស៊ីលនឹងធ្វើជាម្ចាស់ផ្ទះប្រទេសឈីលី នៅថ្ងៃទី 4 ខែកញ្ញា នៅកីឡដ្ឋាន Maracanã ក្នុងទីក្រុង Rio de Janeiro ហើយបន្ទាប់មកធ្វើដំណើរទៅជួបក្រុម បូលីវី ប្រាំថ្ងៃក្រោយនៅកីឡដ្ឋាន El Alto ដែលមានកម្ពស់ 4,100 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។