Borussia Dortmund បានដាក់បម្រាមយ៉ាងតឹងរ៉ឹងលើសមាជិកគ្រួសារចូលក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីមានឧប្បត្តិហេតុដ៏ក្តៅគគុកពាក់ព័ន្ធនឹងឪពុកម្តាយរបស់កីឡាករចំណូលថ្មី Jobe Bellingham បន្ទាប់ពីប្រកួតស្មើ 3-3 ទល់នឹង St. Pauli ក្នុងការប្រកួតសប្ដាហ៍បើកឆាក Bundesliga កាលពីថ្ងៃសៅរ៍។

រឿងនេះកើតឡើងបន្ទាប់ពី Mark និង Denise Bellingham ឪពុកម្តាយរបស់ខ្សែបម្រើវ័យ 19 ឆ្នាំត្រូវបានគេរាយការណ៍ថា បានប្រឈមមុខនឹងមន្ត្រីក្លិបជុំវិញការប្ដូរកូនប្រុសរបស់គាត់ពេលចប់តង់ទីមួយ និងមូលហេតុចូលទីលានយឺតពេល។
Dortmund បាននាំមុខគូប្រកួតដល់ទៅ 3-1 នៅនាទីទី 85 នៅកីឡដ្ឋាន Millerntor-Stadion ប៉ុន្តែ St. Pauli រកបាន២គ្រាប់ចុងម៉ោងធ្វើឱ្យលទ្ធផលជិតឈ្នះទៅហើយបានត្រឹមស្មើ។ Jobe Bellingham ដែលបានចូលរួមជាមួយ Dortmund ពី Sunderland ក្នុងតម្លៃ 32 លានផោននៅរដូវក្តៅនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅ Bundesliga ប៉ុន្តែត្រូវបានជំនួសដោយអ្នកចាត់ការ Niko Kovač បន្ទាប់ពីបង្ហាញខ្លួនក្នុងតង់ទីមួយមិនមានប្រសិទ្ធភាព។

យោងតាម Sky Sports Germany ការសម្រេចចិត្តនេះបានបង្កឱ្យមានការខកចិត្តពីឪពុកម្តាយរបស់ Bellingham ដែលបានធ្វើដំណើរទៅទីក្រុង Hamburg ទស្សនាការប្រកួតដ៏សំខាន់របស់កូនប្រុស។
ប្រភពបានអះអាងថា កីឡាករ Dortmund មួយចំនួនបានឃើញកំដៅនៃការប្រឈមមុខដាក់គ្នា។ ឧប្បត្តិហេតុនេះបានជំរុញឱ្យ Dortmund ពិនិត្យឡើងវិញនូវពិធីការរបស់ពួកគេ ដោយនាយកគ្រប់គ្រងរបស់ក្លិបលោក Lars Ricken បានបញ្ជាក់នៅលើកម្មវិធី The Football Debate របស់ Sky90 ថាសមាជិកគ្រួសាររបស់កីឡាករ នឹងមិនត្រូវបានអនុញ្ញាតឱ្យនៅក្បែរបន្ទប់ស្លៀកពាក់ទៀតទេដើម្បីការពារស្ថានភាពស្រដៀងគ្នា។