ធ្លាក់គុណផលលេងមែនពិត តែ Vinicius កាន់កំណត់ត្រាមួយនេះច្រើន​ជាងគេ​នៅ​អឺរ៉ុប​ក្នុង​រយៈ​ពេល​បី​រដូវ​កាល​ចុង​ក្រោយ​

Vinícius Jr. គឺជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតរបស់ទ្វីបអឺរ៉ុប គិត​លើ​ការ​ញាក់បាល់ជោគជ័យច្រើនជាងគេបំផុត ​ក្នុង​រយៈពេលបីរដូវកាលចុងក្រោយ។

យោងតាមស្ថិតិតាមរយៈ MadridMuse ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid បានញាក់បាល់ជោគជ័យចំនួន 406 ដងបូករួមទាំងការបង្កើតឱកាស ចាប់តាំងពីដើមរដូវកាល 2022/23 ច្រើនជាងកីឡាករផ្សេងទៀតនៅអឺរ៉ុប។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានអភិវឌ្ឍខ្លួន ក្លាយទៅជាអ្នកផ្លាស់ប្តូរអាំងតង់ស៊ីតេការប្រកួតជាប់លាប់បំផុត ដែលមានសមត្ថភាពបំបែកខ្សែការពារជាមួយនឹងល្បឿន និងជំនាញញាក់របស់គាត់ ខណៈដែលពេលខ្លះគាត់ផ្តល់នូវភាពច្នៃប្រឌិតសម្រាប់មិត្តរួមក្រុមរបស់គាត់ផងដែរ។

Vinícius បានទទួលខុសត្រូវក្នុងតំបន់ប្រយុទ្ធកាន់តែច្រើនបន្ថែមទៀតនៅ Madrid បន្ទាប់ពីការចាកចេញរបស់ Karim Benzema ។ បើទោះបីជារដូវកាលចុងក្រោយនេះ គុណផលលេងរបស់គាត់ធ្លាក់ចុះបន្តិចតែគាត់នៅតែជាកីឡាករសំខាន់​ដដែល។

អនាគតរបស់ Vini នៅ Real Madrid ពេលនេះ អស្រ័យលើគាត់ថា​តើ​អាចធ្វើបានល្អក្នុងរដូវកាលនេះ ឬអត់ ព្រោះការ​បង្ហាញគុណផលលេងរបស់គាត់អាចនឹងបើក ឬបិទទ្វារដល់កិច្ចសន្យាថ្មីមួយទៀត។