លោក Chaiphak Siriwat ប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេមបានបញ្ជាក់ ថៃមិនអាចហាមកម្ពុជាមិនឲ្យចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមបានទេ ពីព្រោះការហាមបែបនេះនឹងធ្វើឱ្យថៃខ្លួនឯងបំពានធម្មនុញ្ញអូឡាំពិក។

បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Surawong Thienthong កាលពីប៉ុន្មានថ្ងៃមុនបង្ហើបថា លោកអាចនឹងស្នើឱ្យកម្ពុជាធ្វើពហិការក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ដោយសារការប៉ះទង្គិចគ្នាតាមព្រំដែន ដែលបណ្តាលឲ្យពលរដ្ឋទាំងសងខាងស្លាប់នោះ តែយ៉ាងណា គំនិតនេះនឹងមានកិច្ចពិភាក្សាបន្តទៀត។

លោក Chaiyaphak Siriwat ប្រធានក្រុមប្រឹក្សាស៊ីហ្គេម បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា ថៃមិនអាចហាមឃាត់កម្ពុជាពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះបានទេ។
«ការសម្រេចចិត្តរបស់ប្រទេសថៃត្រូវតែអនុលោមតាមធម្មនុញ្ញអូឡាំពិក ដែលចែងថាកីឡាត្រូវតែជាផ្នែកនៃអព្យាក្រឹតភាពនយោបាយ។ ក្រុមប្រឹក្សាស៊ីហ្គេម ឬគណៈកម្មាធិការរៀបចំការប្រកួតរបស់ថៃមិនអាចហាមឃាត់កម្ពុជាមិនឲ្យចូលរួមបានទេ»។

យ៉ាងណាក៏ដោយ លោក Chaiyaphak បានបញ្ជាក់ថា បញ្ហានេះនឹងត្រូវលើកមកពិភាក្សាម្តងទៀត ដែលនឹងធ្វើឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៥ ដោយមានរដ្ឋជាសមាជិកចំនួន១១ចូលរួម។