សាកល្បងបាន! គ្រប់គ្នា អាចខ្ចីកង់ជិះកម្សាន្ដដោយសេរី ឆ្លងកាត់រមណីយដ្ឋានប្រវត្ដិសាស្ដ្រទាំង ៣នេះ

កង់ចំនួន ៧០គ្រឿង ដែលជាជំនួយរបស់អង្គការ អេត អេ អាកស្យុង តាមរយៈរដ្ឋបាលស្រុកទឹកឈូ ខេត្ដកំពត បានដាក់ឲ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិ ខ្ចីជិះកម្សាន្ដដោយសេរីជាមួយនឹងលក្ខណ្ឌដ៏ងាយផុត គឺគ្រាន់តែតម្កល់ទុកអត្ដសញ្ញាណបណ្ណ ឬលិខិតសម្គាល់ខ្លួនថតចម្លងតែ ១សន្លឹកគត់។

ថ្មីៗនេះ មន្ដ្រីរាជការ នៃរដ្ឋបាលស្រុក និងបុគ្គលិកអង្គការប្រមាណ ១០០នាក់ បានបង្កើតព្រឹត្ដិការណ៍ជិះកង់ ជាការបើកទំព័រថ្មីនៃដំណើរកម្សាន្ដបែបធម្មជាតិដោយជិះកង់លើតម្រាយផ្លូវជាង ២០គីឡូម៉ែត្រ ចេញពីសាលាស្រុកទឹកឈូ ឆ្លងកាត់រណីយដ្ឋានធម្មជាតិប្រវត្ដិសាស្ដ្រល្បីៗចំនួន ៣ គឺល្អាងបុរេប្រវត្ដិ ភ្នំក្បាលរមាស ប្រាសាទភ្នំឈ្ងោក និងទំនប់ប្រទ័ក្សក្រឡា ឬទំនប់អាថ៌កំបាំង។