ផលិតកម្ម Wonder Film Entertainment ទើបតែជោគជ័យក្នុងការនាំយកភាពយន្តខ្នាតធំរបស់ខ្លួន រឿង «កំណើតអរូប» ទៅចាក់បញ្ចាំងលើទីផ្សារអន្តរជាតិប្រមាណ ២០ប្រទេស បង្កើតជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ភាពយន្តខ្មែរ ឱ្យចាប់ផ្ដើមមានមុខមាត់លើឆាកអន្តរជាតិ។ រឹតតែពិសេសខ្សែភាពយន្តរបស់ Wonder Film ក៏ត្រូវបានចាក់បញ្ចាំងលើទីផ្សារ Bollywood ដែលជាទីផ្សារភាពយន្តធំលំដាប់របស់ប្រទេសឥណ្ឌា ផងដែរ។
ក្រោយទទួលបានបទពិសោធន៍ពីការនាំភាពយន្តទៅបញ្ចាំងនៅទីផ្សារអន្តរជាតិ ផលិតកម្ម Wonder Film បានរិះរកគំនិតច្នៃប្រតិដ្ឋថ្មីមកបង្កើតសាច់រឿងថ្មីមួយ ចំណងជើងថា «សូម៉ា» ជាខ្សែភាពយន្តមួយដែលមានទម្រង់ថ្មីមិនធ្លាប់មាននៅក្នុងឧស្សាហកម្មភាពយន្តខ្មែរ។ នេះបើតាម ការបញ្ជាក់ពី លោក សែម វិសាល ប៉ុន្តែជាប្រភេទភាពយន្តបែបណានោះ លោកសុំឱ្យទស្សនិកជនរង់ចាំទស្សនាពេលភាពយន្តនេះចេញផ្សាយ trailer ឆាប់ៗនេះ។
ដើម្បីបង្កើតសាច់រឿងដ៏មានគុណភាពមួយសម្រាប់អ្នកទស្សនា ផលិតកម្ម Wonder Film បានដំណើរការថតឈុតមួយក្នុងរឿង «សូម៉ា» កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅ ដែលជាឈុតឆាកមួយមានការចូលរួមពីសំណាក់តារាសម្ដែងប្រមាណ ២០០នាក់ បង្ហាញពីកម្រិតភាពយន្ត ជាទម្រង់ផលិតមិនធម្មតាសម្រាប់ឧស្សាហកម្មភាពយន្តខ្មែរ។
តួអង្គដែលបានចូលរួមសម្តែងឈុតឆាកដ៏ធំនេះ មានទាំងតារាជាតិ និងតារាបរទេស ប្រមាណ ២០០នាក់ បានជួបជុំគ្នាថតខ្សែភាពយន្តនេះ ជាមួយឧបករណ៍ថតកម្រិតអន្តរជាតិ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ តួឯកស្រីរឿងនេះ គឺ កូនកាត់ខ្មែរ-បារាំង កញ្ញា Khemma Metayer (ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ) និង កំលោះសង្ហារមកពីប្រទេស Tajikistan លោក Ramazon Oev (រ៉ាម៉ាស្សូន អ៊ែយ) ដែលអ្នកទាំងពីរនឹងចូលរួមញ៉ាំងសាច់ងរឿងនេះឱ្យកាន់តែល្អមើលថែមមួយកម្រិតទៀត។